Tuesday, July 22, 2014

គោបាត់ទើបធ្វើរបង...


(បទពាក្យ ៨ បន្ទាប់ធម្មតា)

វេលាគោបាត់ចាត់ធ្វើរបង
ដល់រៀបប្រឡងទើបប៉ងខ្វល់ខ្វាយ
ពាក្យចាស់បូរាណបានបរិយាយ
ដល់សម័យអាយវាក្លាយជាត្រូវ។

កាលខ្លួននៅរៀនឃ្លានតែដើរលេង
វីវក់វង្វេងលេងហ្គេមដងផ្លូវ
មេរៀនសាលាគឺថាមិនសូវ
សម្ដីម៉ែឪពុំសូវស្ដាប់ទេ។

ប្រឡងមកដល់អំពល់ពេកពិត
ដូចភ្នែកងងិតឥតយល់អ្វីទេ
ជើងត្បូងលិចកើតអើតលបមើលគេ
លួចលាក់គ្នាន់គ្នេសំណេរចម្លង។

គប្បីប្រយ័ត្នមធ្យ័តរៀងរាល់
ទើបផុតអំពល់កង្វល់សៅហ្មង
ស្ថិតស្ថេរគង់វង្សឥតបាត់បង់ផង
ខកខានបំណងម្ដងវេលាណា។

ឧស្សាហ៍រៀនសូត្ររហូតបានចេះ
ជំនាញចំណេះតម្រិះប្រាជ្ញា
មានភាពងាយស្រូលសម្រួលអាត្មា
មិនលំបាកការនាអនាគត។
...................................

(បទពាក្យ ៩ បែបជាប់ទង)

ដល់គោបាត់ចាត់ចែងឈើធ្វើរបង
ពេលកន្លងម្តងមិនខ្វល់ដល់វាឡើយ
ប្រហែសណាស់ចាស់បានផ្តាំចាំទុកហើយ
បែរកន្តើយស្បើយប្រយ័ត្នបាត់គោស្ញេញ។

កាលនៅរៀនឃ្លានតែដើរអើអូនបង
ជិតប្រឡងហ្មងសៅចិត្តគិតមិនចេញ
ខំខ្នះខ្នែងស្វែងរៀនរកយកចំណេញ

ដល់ពេលចេញវិញ្ញាសារហាចង្គ្រុង។ 

No comments:

Post a Comment