Wednesday, July 16, 2014

«សូវស្លាប់បាកុំឱ្យតែស្លាប់មេ សូវលិចទូកកណ្ដាលទន្លេកុំឱ្យតែភ្លើងឆេះផ្ទះ»


((បទពាក្យ ៧))

កូនតូចកូនធំជុំក្នុងគ្រួ
គាប់គួរកក់ក្ដៅនៅនឹងម្ដាយ
ក្រសាវក្រសោបឱបជាប់កាយ
ទោះទីជិតឆ្ងាយខ្វាយខ្វល់ណាស់។

ដូចមេមាន់ប្រុងក្រុងក្រួញក្រាប
ខ្លាចក្រែងខ្លែងឆាបចាប់យកច្បាស់
មេខំតតាំងឃាំងលោតច្រាស
បម្រះស៊ូប្ដូរនឹងសត្រូវ។

ម្ដាយលោកថ្នាក់ថ្នមបីបមស្និទ្ធ
តែងនៅកៀកកិតជិតជាងឪ
ការងារពុកឆ្ងាយចម្ងាយផ្លូវ
តម្រូវអ្នកម្ដាយកាយចិត្តក្បែរ។

ពួកកូនកក់ក្ដៅនៅជិតម្ដាយ
ចំណាយវេលាការពារថែ
ត្រកាលស្នាលស្និទ្ធត្បិតក្ដីស្នេហ៍
ព្រោះអីអ្នកម៉ែនៅក្បែរជាប់។

ឯទូកលិចលង់ក្នុងទន្លេ
ក៏ទេសូន្យសោះអស់ធនទ្រព្យ
យ៉ាងហោចសេសសល់ផលគួរគាប់
នៅជាប់នឹងខ្លួនចួនទីផ្សេង។

បើសិនផ្ទះឆេះផេះផង់ហើយ
គ្មានសល់អ្វីឡើយរលីងធេង
ពេញដោយកង្វល់កលវង្វេង
មិនមែនលេងៗដូចលិចទឹក។

តែសុំចៀសវាងឃ្លៀងទាំងពីរ
សុខដុមរមណីរាល់ល្ងាចព្រឹក
គ្រោះអគ្គីភ័យទូកលិចទឹក
អាសន្នពន្លឹកកុំនឹកនា។

ទាំងមេទាំងបាមហាក្រៃ
គុណលោកថ្លាថ្លៃស្មើៗគ្នា
តោងប្រណិប័តណ៍ថ្វាត់វន្ទា
សួគ៌ាពុំស្មើអើគុណលោក។

រ័ត្នន៍ សេនា

No comments:

Post a Comment