Saturday, July 26, 2014

«គោដំបៅខ្នង ក្អែកហើររំលង រំសាយកន្ទុយ»


(បទកាកគតិ)

គោដំបៅខ្នង ចេញវាលរាល់ដង ចេះតែរអែង
ឃើញបក្សីសត្វ ហើរឆ្វាត់នឹកក្រែង ចុះមកទុំក្លែង
ប្រឡែងដំបៅ។

កុកក្រកក្រសា សេកសារិកា បក្សាក្អែកខ្មៅ
តែងទុំខ្នងគោ ក្រោមថ្ងៃកម្ដៅ សម្លឹងវាលស្មៅ
ចាំចឹកចំណី។

ហេតុនេះសត្វគោ គំនិតគិតធ្លោ គ្មានក្រៅពីអ្វី
បារម្ភចំពុះ របស់បក្សី ខ្វេះខ្វាយក្រញី
ចឹកឆីដំបៅ។

ដូច្នេះពេលណា មានសត្វបក្សា ហើរលើសំដៅ
វាសាយកន្ទុយ បក់រុយបង្អៅ បំបាត់ហ្មងសៅ
នៅក្នុងចិត្តវា។

អ្នកមានកំហុស ដែលធ្លាប់ធ្វើខុស បើទោះបីជា
គ្មានអ្នកណាដឹង គង់នឹងរេរា ចិត្តច្របល់គ្នា
ជារៀងរាល់ថ្ងៃ។

អារម្មណ៍ពិភាល់ គំនិតគិតយល់ សម្គាល់ស្រមៃ
ចេះតែរអៀស រង្កៀសចិត្តក្រៃ រសើបរាល់ថ្ងៃ
ម៉ៃមិនឈប់ឈរ។

ឮគេស្ដីថា រឿងផ្សេងឯណា តវ៉ាបន្ទរ
ការពារខ្លួនឯង ក្រែងកើតវឹកវរ បញ្ជាក់ជំហរ
រក៍លេសគ្រប់យ៉ាង។

ស្ដាប់ពាក្យចាស់ផ្ដាំ ងាយនឹងចំណាំ ចាំជាសម្អាង
ធ្វើការសង្កេត យកហេតុភស្ដុតាង អំណះអំណាង
រូបរាងអ្នកខុស។

រ័ត្នន៍ សេនា (ភូមិកាព្យ)

No comments:

Post a Comment