Tuesday, July 15, 2014

ខ្លះៗ អំពី សុភាសិត ពាក្យទំនឹមទំនៀម របស់ខ្មែរ!!


បទពាក្យ ៨ (បន្ទាប់ធម្មតា)

ធ្វើស្រែនឹងទឹកធ្វើសឹកនឹងបាយ
មានផ្លូវប្រឡាយទើបទឹកហូរលក
ត្រឡាចវារទៅទើបល្ពៅវារមក
មានកើតពីរកសន្សំទុកនៅ។

កុំស៊ីតាមឃ្លានកុំហ៊ានតាមចង់
ផ្លូវវៀចកុំបង់ផ្លូវត្រង់កុំទៅ
ទីទឹកត្រជាក់ត្រីកុំកុះនៅ
ភ្លើងឆេះឆាបទៅតម្រូវមានផ្សែង។

ខិតខំធ្វើគុណមួយរយសំពៅ
ទោសមួយចូលនៅអាស្រូវជាក់ស្ដែង
កាំបិតមិនអាចចិតដងខ្លួនឯង
ហារស្លាក់ខ្ជាក់ស្លែងស្តោះហើយលេបវិញ។

សំណាបយោងដីស្រីយោងបុរស
គុណច្រើនមិនអស់បានទោសទោម្នេញ
មាយាដកខ្ញីគេស្តីជម្រេញ
ទុកមិនចំណេញដកចេញមិនខាត។

ភូតនៅលើហោរចោរនៅលើជាង
ពាក្យចាស់រៀបរៀងទំនៀមបទបាទ
ដំរីជើងបួនគង់មានពេលប្លាត
អ្នកប្រាជ្ញពេញខ្នាតភ្លេចបង់អសារ។

គោលឿនសឹកកស្រីល្អសឹកគូថ
អ្នកពោលពាក្យភូតច្រើនចាញ់អាត្មា
ស្រមោចក៏អាចផ្ដួលដំរីសា
មិនកាន់ច្រវារាទឹករំខាន។

សម្តីសរជាតិមាយាទសរពូជ
មិនអាចគេចរួចពីភ្នែកសណ្តាន
លេងក្មេងបាក់យសលេងពស់មិនខាន
ពស់ចឹកក្ស័យប្រាណលែងបានរស់នៅ។

(បទជាប់ទង)

ខ្មែរភាសិត ស្ថិតនៅនា ជាបន្ទាល់
គ្រប់រូបរាល់ ស្គាល់អត្ថន័យ នៃពាក្យពេចន៍
បុរាណប្រៀប ធៀបសេចក្ដី ស្ដីរំលេច
ន័យជានិច្ច ពេចន៍ឃ្លោងឃ្លា ជាប្រយោគ។

ពាក្យទំនឹម ទឹមទំនៀម បៀមខ្លឹមសារ
ពីដូនតា ចារលៃលក មកគគោក
ជីកកកាយ ស្រាយបញ្ជាក់ គតិលោក
ជាទ្រព្យភោគ លោកបន្សល់ ដល់សព្វថ្ងៃ។


រ័ត្នន៍ សេនា (ភូមិកាព្យ)

No comments:

Post a Comment